រក​ឃើញ​៤​ក្រុម​ត្រូវ​លេង ​ដណ្ដើម​ពាន​នៅ​តំបន់​ព្រះ​សីហនុ​ហើយ

Posted on

ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2018 ​បាន​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ ​ដោយ​ក្រុម​ទាំង​៤​នោះ​រួម​មាន ​ក្រុម​យុវជន​កំពង់​ផែ A ​ក្រុម ​Hurrican A ​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​និង​ក្រុម​ Nazaro Sport Club ។

មុន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​​ក្រុម​យុវជន​កំពង់​ផែ A ​បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​កំពង់​ផែ B ​ដោយ​លទ្ធផល ២-១ ​ស្រប​ពេល​ដែល​ក្រុម Hurrican A ​បាន​យក​ឈ្នះ​លើ​ក្រុមស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ B ៧-៣។ ចំណែក​ឯ​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​បាន​យក​ឈ្នះ​លើ​ក្រុម sihanoukville ​ស្វិតស្វាញ​មែនទែន ​ដោយ​ត្រូវ​ដក​គ្នា​ដល់​ទៅ​២​នាក់ ​ទើប​អាច​យក​ឈ្នះ​បាន។ ​មួយ​ក្រុម​ចុង​ក្រោយ​ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ​នោះ​គឺ​ក្រុម​ Nazaro Sport Club ​ដែល​យក​ឈ្នះ​លើ​ក្រុមស្នងការដ្ឋាន​ខេត្ត​កំពត A ក្នុង​លទ្ធផល ៣ – ១។

ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ នឹង​មាន​ការ​ផ្សាយ​បន្ដ​ផ្ទាល់​តា​មរយៈទូរទស្សន៍ ហង្សមាស HDTV ​។ ខណៈដែល​ក្រុម​ទាំង​៤​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​នឹង​មាន​ឱកាស​ស្វ័យប្រវត្តិ​ទៅលេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ ​ជាមួយ​ក្រុម​២​ទៀត​ដែល​ជ្រើសចេញ​ពី​ការ​ប្រកួត​​ចាញ់​គេ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ការ​ប្រកួត​នៅ​តាម​តំបន់​ព្រះ​សីហនុ​នេះ ​ក្រុម​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។ ​ខណៈ​ដែល​ក្រុម​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ប្រចាំ​ប្រទេស​វិញ ​នៅ​មណ្ឌល​ព្រះ​សីហនុ​នេះ​អនុញ្ញាតិ​ឱ្យ​តែ​៦​ក្រុម​ប៉ុណ្ណោះ៕

Hits: 15

Leave a Reply