បុរសវ័យក្មេងឈ្មោះ Han ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម Tumblr ម្នាក់ក្នុងប្រទេសចិន បានបង្ហាញរឿងរ៉ាវមួយដែលខ្លួនបានធ្វើឲ្យឪពុកស្រក់ទឹកភ្នែក ហើយរឿងនេះក៏ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនរំជួលចិត្តយ៉ាងខ្លាំងផងដេរ។
Han បានសរសេរថា “ខ្ញុំបានសួរប៉ារបស់ខ្ញុំ ថាតើខ្ញុំធ្លាប់បានធ្វើឲ្យគាត់ យំនៅចំពោះមុខខ្ញុំឬទេ ដោយសារតែខ្ញុំមិនចាំថា ធ្លាប់ឃើញគាត់យំឡើយ។ គាត់ក៏បានឆ្លើយតបថា ធ្លាប់ម្ដង។”
“គាត់បានប្រាប់ខ្ញុំថា កាលពីខ្ញុំមានអាយុ ៣ឆ្នាំ គាត់បានដាក់ប៊ិច, លុយ និង របស់លេង នៅពីមុខខ្ញុំ ព្រោះគាត់ចង់ដឹងថា ខ្ញុំនឹងរើសយកមួយណា”។
Han ជឿជាក់ថា ការធ្វើបែបនេះគឺជាអ្វីដែលជនជាតិចិនជាច្រើនចូលចិត្តធ្វើ ដើម្បីចង់ដឹងថាតើកូនៗរបស់ពួកគេ នឹងឲ្យតម្លៃលើរបស់អ្វីបំផុត នៅពេលពួកគេធំឡើង។
Han បន្តថា “មួយសន្ទុះក្រោយមក ខ្ញុំបានសម្លឹងមើលរបស់ទាំងនោះ ដោយមិនហ៊ានកម្រើក។ ចំណែកឯប៉ារបស់ខ្ញុំ បានមើលមកខ្ញុំ និងរង់ចាំដោយអត់ធ្មត់បំផុត”។
“ប៉ារបស់ខ្ញុំបន្តថា ក្រោយមកខ្ញុំក៏បានរុញរបស់ទាំងនោះចេញ ហើយវារទៅអោបគាត់។ គាត់មិននឹកស្មានថា ខ្ញុំនឹងធ្វើបែបនេះទេ ហើយវាគឺជាលើកទីមួយ ដែលខ្ញុំធ្វើឲ្យគាត់ស្រក់ទឹកភ្នែក។” Han បាននិយាយ។
រឿងដ៏រំភើបនេះ ត្រូវបានទទួលការបញ្ចេញមតិច្រើនជាង ៦៧០ ០០០ ដង នៅលើបណ្តាញសង្គម និងបានបំផុសគំនិតមនុស្សរាប់សិបនាក់ផ្សេងទៀត ឲ្យចែករំលែករឿងរបស់ពួកគេផងដែរ៕
Hits: 23