លោក ហ៊ុន សែន រំពឹង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រឹងមាំ​នៅ​ឆ្នាំ​បោះឆ្នោត

Posted on

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​អភិវឌ្ឍន៍​ទៅ​មុខ​ដោយ​ភាព​ល្អ​ប្រសើរ និង​រឹងមាំ​ជាង​មុន សម្រាប់​ឆ្នាំ​២០១៨ ព្រោះ​ជា​ឆ្នាំ​បោះឆ្នោត ទាំង​នៅ​ព្រឹទ្ធសភា និង​រដ្ឋសភា។ ប៉ុន្តែ​អ្នក​វិភាគ​វាយ​តម្លៃ​ថា សេដ្ឋកិច្ច​អាច​រឹងមាំ​តែ​តួលេខ និង​ឈ្មួញ​បរទេស​ធំៗ​ប៉ុណ្ណោះ ខណៈ​អ្នក​ប្រកប​របរ​តូចតាច​បាន​រង​ផល​ប៉ះពាល់​បណ្ដើរៗ​ហើយ។

​បើទោះជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​សមត្ថភាព​កម្ទេច​គណបក្ស​ប្រឆាំង​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​ដើម្បី​ឲ្យ​ប្រាកដ​ថា លោក​នឹង​អាច​បន្ដ​កាន់​អំណាច ១០​ទៀត ក៏​លោក ហ៊ុន សែន នៅ​តែ​បន្ដ​យក​ចិត្ត​ពលរដ្ឋ​តាម​រយៈ​ការ​សន្យា​ទៀត​ថា នឹង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត៖ «ត្រូវ​តែ​ជា​ឆ្នាំ​ដែល​មាន​ការ​អភិវឌ្ឍ​ល្អ ព្រោះ​ជា​ឆ្នាំ​នៃ​នីតិកាល​ទី​៥ ចុង​ក្រោយ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​នីតិកាល​ទី​៦»។

​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺ​មហារីក និង​សម្ភព​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ។

​ក្រៅ​ពី​ការរំពឹង​សេដ្ឋកិច្ច​កម្ពុជា ថា​អាច​នឹង​រឹងមាំ​ជាង​ឆ្នាំ​ដែល​គ្មាន​ការ​បោះឆ្នោត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​បង្ហាញ​ពី​មោទនភាព​នៅ​ក្រោយ​ពេល​ដែល​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​បាន​ជូនពរ​ឲ្យ​លោក​កាន់កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ជា​រៀង​រហូត។ លោក​ក៏​បាន​ឆ្លៀត​បង្រៀន​អ្នក​វិភាគ និង​អ្នក​រិះគន់​លោក​ឲ្យ​រៀន​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ទូទាំង​ពិភពលោក ដែល​ចែង​ពី​អាណត្តិ​នាយករដ្ឋមន្ត្រី​ដើម្បី​ជៀសវាង ត្រូវ​លោក​ហៅ​ថា ជា​មនុស្ស​ល្ងង់។

​នៅ​មុន​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៤ បួន​ខែ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ខ្វល់​ពី​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហគមន៍​អន្តរជាតិ​នេះ​ទេ ព្រោះ​លោក​អះអាង​ថា កម្ពុជា​បច្ចុប្បន្ន មិន​ដូច​កម្ពុជា កាល​ពី​ប្រមាណ ៣០​ឆ្នាំ​មុន​នោះ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ថា កាល​ពី​មុន​កម្ពុជា រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជុំ​ទិស អាច​រស់​បាន ចុះ​ឥឡូវ​នេះ ហេតុ​អី​រស់​មិន​បាន? លោក​ថែម​ទាំង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ប្រទេស​ដែល​ជា​អ្នក​ទទួល​ទិញ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​អ្នក​វិនិយោគ​ថែម​ទៀត បើសិនជា​បិទ​ការ​អនុគ្រោះ​ពន្ធ​មែន​នោះ។

​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​វិស័យ​កាត់ដេរ ដែល​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ជាង ៦០% នៃ​ការ​នាំ​ចេញ​ផលិតផល​វិស័យ​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​ពិភពលោក គឺ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ការ​រីក​លូតលាស់​វិស័យ​កាត់ដេរ និង​រោងចក្រ​នៅ​កម្ពុជា ក៏​ដោយសារ​តែ​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នេះ​ដែរ។ ប៉ុន្តែ ដោយសារ​តែ​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា យ៉ាង​សន្ធាប់ និង​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា ខ្លួន​ឯង​ផង​នោះ ទើប​ប្រទេស​ទាំង​នោះ​ព្រមាន​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ។

​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា នៅ​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​បន្ដ​ភាព​រឹង​មាំ​ផ្នែក​ខ្លះ ប៉ុន្ដែ​គុណភាព​មិន​រឹងមាំ​នោះ​ទេ។ លោក​បញ្ជាក់​ថា អ្នក​ប្រកប​របរ​តូចតាច ឬ​វិស័យ​ទេសចរណ៍ នឹង​មិន​អាច​ទទួល​បាន​ចំណូល​រឹងមាំ​នោះ​ទេ ហើយ​ប្រសិនបើ​សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប ពិត​ជា​បិទ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សម្លៀកបំពាក់​ វិស័យ​ឧស្សាហកម្ម​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​មុន​គេ បន្ទាប់​មក​គឺ​ពលរដ្ឋ​ទូទៅ។

ទោះ​យ៉ាង​ណា​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ចង់​ឃើញ​ទិដ្ឋភាព​បែបនេះ​ទេ៖ «តួលេខ​ធំៗ​ដែល​អ្នក​វិនិយោគទុន​ដាក់​ចូល​មើល​ទៅ​ប្រហែល​អាច​មាន​ការ​ប្រែប្រួល​តិចតួច​បំផុត ដូចជា​អចលនទ្រព្យ​អី​ជាដើម»។

​ធនាគារ​ពិភពលោក​ធ្លាប់​ចេញ​របាយការណ៍​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា​ថា ស្ថានភាព​នយោបាយ​មិន​ល្អ​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​កំណើត​សេដ្ឋកិច្ច ៧% ក្នុង​មួយ​ឆ្នាំ ដូច​ដែល​រដ្ឋាភិបាល​រំពឹង​ទុក​នោះ​ទេ ហើយ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ គឺ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Hits: 2

Leave a Reply